សូមស្វាគមន៍ការមកដល់ប្លុកនេះ

នេះជារូបលោកពុកបូស្កូ

លោកនៅជាមួយពួកយើងជានិច្ច​ ផ្តល់កម្លាំងចិត្តដល់ពួកយើង!!

នេះជាព្រះរបស់ពួកយើង

ព្រះបិតាមិនបោះបង់នរណាទេ​ ទោះគ្មាននរណាស្រឡាញ់ព្រះអង្គតែទ្រង់ស្រឡាញ់យើងហើយ

Blogger news

Website counter

Wednesday, July 18, 2012

សេចក្តីជូនដំណឹងពីសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ

ឱកាសថ្មីមកដល់ហើយ!
តើប្អូនៗចប់មធ្យមសិក្សាទុតិយភូមិ ហើយមិនអាចបន្តការសិក្សានៅសកលវិទ្យាល័យមែនទេ? តើប្អូនៗ ចង់បានជំនាញពិតប្រាកដមែនទេ? កុំភ្លេចជាមួយសាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ!
សាលាបច្ចេកទេស ដុនបូស្កូ ជាសាលាអង្គការក្រៅរដ្ឋាភិបាល​មួយ ដែលជួយយុវជនយុវនារី ក្រីក្រឲ្យមានជំនាញ សម្រាប់កសាងអនាគតរបស់ពួកគេ។ ក្នុងនោះសាលាក៏មានសិក្សាលើជំនាញ ផ្នែកអគ្គិសនី ផ្នែកយន្តសាស្រ្តទូទៅផ្នែកយន្តសាស្ត្ររថយន្ត ផ្នែកលេខាធិការ ផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មាន ហើយសាលាក៏មានសាលាសណ្ឋាគារ ដែលមានផ្នែក ការិល័យជួរមុខ ផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជះ ផ្នែកគេហកិច្ច និងផ្នែកចុងភៅផងដែរ។ ដែលក្នុងនោះសាលាសិក្សារយះពេលតែពីរឆ្នាំប៉ុណ្ណោះ។
ចំពោះការទទួលសិស្សថ្មី គឺសាលានឹងចាប់ទទួលពាក្យ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១២ ហើយយើងនឹងធ្វើការប្រលងនៅថ្ងៃទី ១៧ ខែសីហាឆ្នាំ២០១២ នេះហើយ ដែលសាលា​និងចាប់ផ្តើមចែកពាក្យ នៅថ្ងៃទី១ ខែសីហា ឆ្នាំ ២០១២ ខាងមុខនេះ។ បន្ថែមលើចំណុចនេះ ការដាក់ពាក្យនេះក៏តម្រូវឲ្យសិស្សានុសិស្ស មាននូវសៀវភៅគ្រួសារ សំបុត្របញ្ចាក់កំណើត ក៏ដូចជាសញ្ញាប័ត្រ បញ្ជាក់ការសិក្សាទី១២ រូបថត ៤X៦ ចំនួន ៤សន្លឹក រួមទាំងអញ្ជើញអាណាព្យាបាល មកជាមួយផង។
សាលា ដុនបូស្កូ ជាថ្នាលនៃចំនេះដឹង ជំនាញ និង សីលធម៌!
ឧស្សាហ៍ សទ្ធា រីករាយ!
  


Sunday, July 8, 2012

សេចក្តីពិត និង ការគិត

គ្រប់រឿងរ៉ាវទាំងអស់ កើតឡើងដោយការឲ្យតម្លៃទៅលើវា។
សេចក្តីពិតគឺជារឿងរាវទាំងអស់ ដែលកើតឡើងពិតៗ នៅក្នុងសង្គមចំពោះមនុស្ស ភាពស្មោះត្រង់ ភាពបរិសុទ្ធ សច្ចភាព និងក្តីត្រឹមត្រូវ។ តែសេចក្តីពិតទាំងអស់ ក្លាយជារឿងល្អកាលណា យើងមានបំណងល្អ (ការយល់ឃើញត្រូវ)។ ការពិតទាំងអស់តែងតែមានភស្តុតាង ហើយភស្តុតាងទាំងនោះ ថាមនុស្សល្អ ឬមិនល្អបាន។
ចំពោះអ្នកសារព័ត៌មាន ការពិតដែលមិនបង្ហាញ ឲ្យមានការប៉ះពាល់ដល់កិត្តិយស ឬរឿងផ្ទាល់ខ្លួន របស់គេ ផ្ទុយទៅវិញ គឺការដែលផ្តល់ព័ត៌មានសម្រាប់ជួយសង្គម ជារឿងល្អបំផុត។
អ្វីទៅដែលហៅថាការគិត? ​
ជាការពិតណាស់ ការគិតគឺផ្ទុយស្រឡះពីការពិត តែការគិតមួយចំនួន អាចជោគជ័យបាន លុះត្រាណាតែយើងព្យាយាមឲ្យល្អបំផុត។​យើងមិនអាចគេចពីការពិតផុតទេ តែបើការពិតយើងទទួលមិនបាន យើងអាចយកការគិតមកដោះស្រាយបាន។
ការគិតគឺជារឿងរ៉ាវ ទាំងឡាយណាដែលកើតឡើង នៅក្នុងការស្រម៉ៃរបស់យើង វាអាចក្លាជាការពិត លុះណាតែ យើងតស៊ូ ជំនះដើម្បីទទួលវា តែវាមិនពិត ១០០%ដែរ។
ការគិត និងការពិត គឺវាដើរទន្ទឹមគ្នា​តែវាផ្ទុយស្រឡះពីគ្នា

Thursday, June 28, 2012

រឿង ត្រូវស្រឡាញ់ខ្លួនឯងឲ្យច្រើនៗ

នៅមុខរានហាលមុខផ្ទះរបស់ខ្ញុំ ខ្ញុំកំពុងអង្គុយសសេរមេរៀន។ ខ្ញុំមានអារម្មណ៍ថា រងារខុសពីធម្មតា ចម្លែកជាងរាល់ថ្ងៃ តែដោយមេរៀនសំខាន់ទើបខ្ញុំត្រូវទ្រាំ អង្គុយទាំងបើកភ្នែកមិនរួច ហើយថែមទាំងខ្លាចទៀតផង។ ខណះពេលដែល ខ្ញុំបើកភ្នែកស្ទើរតែមិនរួចនោះ ក៏មានសម្លេងយំពីក្រោយខ្នងខ្ញុំ អារម្មណ៍ពេលនេះបរិយាកាសដូចជាមិនអំណោយផលសោះ វាគឺសម្លេងឆ្កែលូគ្រប់ទិសទី ហើយអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺ ខ្នងរបស់ខ្ញុំឡើងត្រជាក់ ព្រឺសម្បុរខ្ញាកៗ ហើយអារម្មណ៍ដែលមិនធា្លប់ខ្លាច ក៏មិនដឹងថាបាត់ទៅណាទេ។ ខ្ញុំព្យាយាមបើកភ្នែកសន្សឹមៗ បេះដូងរបស់ខ្ញុំស្ទើរតែចេញមកក្រៅហើយសក់ដែលរញ៉េរញ៉ៃរបស់ខ្ញុំ ពេលនេះកំពុងតែត្រង់ឡើងលើហើយ។ នៅនឹងមុខខ្ញុំ គឺជានារីម្នាក់ ដែលមានទឹកមុខស្លេកស្លាំងដណ្តប់ក្រណាត់ស។ ទោះជាខ្ញុំមិនធ្លាប់ជួបខ្មោច ខ្ញុំក៏អាចប៉ាន់ប្រមាណបានដែរ ថានេះជាខ្មោចយ៉ាងពិតប្រាកដ។ តើខ្ញុំនឹងសន្លប់ឬអត់?នាងកំពុងឈឺចាប់ និងសោកស្តាយយ៉ាងខ្លាំង។ ខ្ញុំខំប្រមូលកម្លាំងទាំងអស់ មកសួរនាងដោយទ្រាំគិតថានាងជាមនុស្សមកធ្វើអីនៅទីនេះ? 
  • ទៅយំកន្លែងផ្សេងទៅ ស្អែកនេះខ្ញុំត្រូវប្រលងផង ខ្ញុំត្រូវមើលមេរៀនកុំរំខានបានអត់។
  •  ខ្ញុំ……..សុំ…….ប្រាប់………បាន…….ទេ……?
  •  ប្រាប់អី ខ្ញុំត្រូវមើលមេរៀន 
  • ខ្ញុំ………ដឹង………ថា……..នាង……..ពូកែ……ណាស់ ខ្ញុំ…..ចង់……ឲ្យ……នាងជួយនាំ…. ពាក្យខ្លះៗ…..របស់…….ខ្ញុំ ទៅ……..ប្រាប់…..ដល់………មនុស្ស……..គ្រប់…….គ្នា………..ផង…… 
  • Ok ខ្ញុំស្តាប់ក៏បាន 
ខ្ញុំបិទសៀវភៅនិងកិច្ចការទាំងអស់ ហើយស្តាប់នាងនិយាយទាំងយកចិត្តទុកដាក់ ព្រោះនាងនិយាយបង្អូសណាស់ 
  • ខ្ញុំ……….មិន……..គួរ……..គិត……..ខ្លី……..ហើយ………សម្លាប់…..ខ្លួន…….ទេ……. ខ្ញុំ…..ធ្វើ…….ឲ្យ…….កិ.តិ្ត..……..គ្រួ….សារ…..បាត់……បង់
  •  ចុះហេតុអី ទើបមានរឿងនេះ
 (ស្រម៉ៃ) សុជាតិ ជាសង្សារនិងគ្នា ហើយពួកគេស្រឡាញ់គ្នាណាស់។គ្រួសារអ្នកទាំងពីរ គឺជាសត្រូវនិងគ្នា ធ្វើឲ្យស្នេហារបស់អ្នកទាំងពីរត្រូវបែកគ្នា។ ថ្ងៃទី៣១ ធ្នូ ២០១០ ថ្ងៃនេះផ្ទៃមេឃអាប់អួរណាស់ សុជាតិមកសុំធីតាបែកគ្នា 
  • ម៉ាក់អូនមិនពេញចិត្តបងទេ 
  • តែយើង នឹងជំនះតស៊ូដើម្បីស្នេហាយើង
  •   តែវាមិនអាចទេ ក្តីស្រឡាញ់ក៏ត្រូវការគ្រួសារដឹងឮដែរ បងមិនអាចបោះបង់គ្រួសារបង អូនក៏មិនអាចដែរ បងដឹងថាអូនស្រឡាញ់បង តែអូនក៏ស្រឡាញ់គ្រួសារអូនដែរ 
  • តែពេលនេះអូន………………. 
  • យើងបែកគ្នាទៅ………. 
  • បង………………… 
ធីតាយំរហូតពេលសុជាតិសុំបែកគ្នា។ ក្តីឈឺចុកចាប់មាននៅក្នុងចិត្តនាងហើយពេលនេះ។ ធីតាមានផ្ទៃពោះ២ខែហើយ ដោយសារក្តីស្រឡាញ់ទាំងអស់ នាងប្រគល់ឲ្យទៅសុជាតិហើយ នាងតែងតែគិតថានាង មិនសល់អ្វីទៀតទេ។ ភាពភ្លើតភ្លើន មួយពេលធ្វើឲ្យនាងទៅជាបាត់បង់រូបកាយ ទាំងបេះដូង ហើយជ្រុលជ្រួស បណ្តាលឲ្យមានកូនអត់ឪពុកទៀត។ នាងគិតអ្វីមិនចេញទេពេលនេះ ជម្រើសរបស់នាងអស់ហើយ។ ម្តាយរបស់នាងបានចូលក្នុងបន្ទប់នាង ហើយនិយាយ: 
  •  ម៉ាក់ដឹងថាកូនពិបាកចិត្ត 
  •  អ្នកម៉ាក់កូនមិនសល់អ្វីទៀតទេ។ គេបោះបង់កូនចោលហើយ 
  • តែកូននៅមានម៉ាក់ នៅមានគ្រួសារយើងណាកូន កូនត្រូវស្រឡាញ់ខ្លួនឯងឲ្យបានច្រើនជាងនេះ ដឹងទេ នៅមានម៉ាក់ ម៉ាក់អាចមើលថែកូនបាន
 ធីតារាងស្រាកស្រាន្តចិត្តបន្តិច ជីវិតនាងអស់ពីសុជាតិទៅ នាងរំពឹងលើគ្រួសារទាំងស្រុង។
 ថ្ងៃទី៧ មករា ២០១១ ថ្ងៃនេះមានចោរមកប្លន់ផ្ទះធីតា 
  •  ឆាប់យកទ្រព្យ សម្បតិ្តទាំងអស់របស់ឯងមកឲ្យ យើងភ្លាម
  •  ទេ ពួកឯង…………. 
  • ចូល………….
 ម្តាយឪពុករបស់ធីតាក៏ស្លាប់ចោលនាងទៅ។ នៅពេលនេះនាងអស់អ្វីទៀតហើយ។ ក្តីសង្ឃឹមចុងក្រោយរបស់នាងគឺ មានតែសុជាតិម្នាក់តែប៉ុណ្ណោះ នាងសម្រេចចិត្តប្រាប់សុជាតិ ថានាងមានផ្ទៃពោះហើយ។
 ពេលទៅដល់ផ្ទះសុជាតិ រោងការទើបនិងសង់ថ្មី ដែលមានកូនកម្លោះជាសុជាតិ។ នាងឈឺចុកចាប់ណាស់ ហើយក៏ដើរចេញមកវិញ មិននិយាយអ្វីទាំងអស់។ ទីបំផុតនាងក៏សម្រេចចិត្ត ចងកសម្លាប់ខ្លួន។ 
  • ហេតុ…..អី……….ក៏……..ខ្ញុំគិតខ្លី…….បែប…..នេះ….? បើ…..ពេល……នោះ……..ខ្ញុំ…..មិន…..ស្រ…..ឡាញ់…..គេ…..ខ្លាំង ខ្ញុំ..ក៏…..មិន..សម្លាប់….ខ្លួន…….ឯងដែរ……… 
  •  អ្វីដែលនាងចង់និយាយជារឿងឈឺចាប់របស់នាងអ៊ីចឹងឬនាង ចង់ប្រាប់ឲ្យខ្ញុំដឹងតែប៉ុណ្ណឹងទេហ្អ៎? 
  • អត់……..ទេ…….. ខ្ញុំ…….ចង់…….ឲ្យ…….នាង…….ប្រាប់…….ដល់…………មនុស្ស…….គ្រប់គ្នា…. ថា….កុំ..យកសេច……ក្តី……ស្លាប់…… មក……..ដាក់……មុខ….ខ្ញុំ…..មាន…….វិ..ប្ប..ដិ….សា.រី….ណាស់……. 
  • កាលណានាងសម្លាប់ខ្លួនឯងគឺវាខុសណាស់ទៅហើយ នាងគួរតែស្រឡាញ់ខ្លួនឯង ឲ្យបានច្រើនៗ ហើយមិនគួរគិតខ្លីបែបនេះទេ។ 
  • វា……មិន…….មែន….អ៊ី..ចឹង….ទេ…. នាង…..ដឹង….ទេ……ថា
 នាងក៏យំឡើង 
  •  ​បានហើយបើនិយាយហើយធ្វើឲ្យនាងពិបាកចិត្ត នាងមិនចាំបាច់និយាយទេ 
  • ខ្ញុំមិន……..គួរ…….គិត…..ខ្លី……….ទេ. ជី…..វិត…..ខ្ញុំ……. ពឹង………លើ……គេ……ហូត……… គ្មាន….ជំ…….នឿ……..លើ…..ខ្លួន…..ឯង…. ខ្ញុំ……..សោក…..ស្តាយ…..ណាស់……….. 
  • តើខ្ញុំអាចជួយអ្វីនាងបាន? 
  • ខ្ញុំ…..ចង់…….ឲ្យ……..នាង…….ទៅជួប…..និង…..គាត់…… ហើយ….និ……….យាយ…….រឿង…..ក្នុង…..ចិត្ត……..ខ្ញុំ….ប្រាប់…………គាត់ 
  • នាងនៅអាណិតមនុស្សក្បត់នាងអ៊ីចឹងឬ? 
  •  អត់…..ទេ…… គាត់…….កំ….ពុង…….ពិ….បាក…..ចិត្ត ខ្ញុំខ្លាចគាត់……គិតខ្លី……….. 
  •  Ok តែខ្ញុំអត់ស្គាល់គាត់ទេ។ 
  • ខ្ញុំ……អាច….ជួយ…..នាង………..បាន 
  •  ស្អែកខ្ញុំនឹងទៅជួបគេ 
ថ្ងៃនេះខ្ញុំមកដល់ ផ្ទះថ្មមួយ ដែលមានធីតាមកជាមួយ ខ្ញុំចុចកណ្តឹង យ៉ាងយូរ 
  •  មករកនរណាដែរ? 
  • ជំរាបសួរបងប្រុស តើផ្ទះនេះជាផ្ទះលោកសុជាតិមែនទេ? 
  •  អ្នកនាងមករកគាត់មានការអីដែរ? 
  • ខ្ញុំមានរឿងចង់និយាយជាមួយគាត់
  •  អញ្ជើញចូលសិនមក នោះអ្នកប្រុសនៅខាងក្នុង ប៉ុន្តែអ្នកនាងប្រយ័ត្នផង ព្រោះអ្នកប្រុសកំពុងមានវិបតិ្តផ្លូវចិត្ត 
  • រឿងនោះកើតឡើងមួយឆ្នាំហើយ 
  • តែគាត់ធ្វើចិត្តមិនទាន់បានទេ មានអ្នកចិត្តសាស្ត្រច្រើននាក់ហើយ មកព្យាបាលតែគ្មានប្រសិទ្ធិភាពសោះ។ 
  • ខ្ញុំ នឹងព្យាយាមជួយពួកគេ។
 ខ្ញុំក៏ដើរទៅរកសុជាតិ 
  •    សួស្តី
 គ្មានសម្លេងតប 
  • សុជាតិ ខ្ញុំមានរឿងខ្លះ ចង់ប្រាប់ដល់លោក។ ធីតាបានមករកខ្ញុំ ហើយប្រាប់ឲ្យខ្ញុំមករកលោក ពីរឿងដែលកើតឡើងចំពោះនាង។ 
(នៅតែស្ងាត់) 
  • នាងសោកស្តាយណាស់ដែលនាងធ្វើអត្តឃាតខ្លួនឯង ព្រោះតែនាងស្រឡាញ់លោក នាងមិនចង់ឃើញលោកពិបាកចិត្តទេ ត្រូវស្រឡាញ់ខ្លួនឯងឲ្យច្រើនៗ រឹងមាំឡើង នាងនៅក្បែរនេះទេ លោកចង់និយាយរឿងអ្វី អាចនិយាយបាន នាងនៅស្តាប់លោក 
  • ធីតា ហេតុអី្វ អូនគិតខ្លីបែបនេះ? អូនមិនដឹងទេ បងអាណិតអូនយ៉ាងណា? ថ្ងៃដែលបងសុំបែកពីអូន បងឈឺចិត្តណាស់ តែបងបង្ខំចិត្តបែកពីអូន!ពេលឮណឹង ថាគ្រួសារអូន ត្រូវចោរប្លន់ លោកប៉ាអ្នកម៉ាក់ អាណិតអូនណាស់ បងក៏សុំរៀបការជាមួយអូន ដោយមិនឲ្យអូនដឹង លួចធ្វើដោយខ្លួនឯង ចង់ Surprise  អូនតែលទ្ធផល គឺអូនបែរជាគិតខ្លី សម្លាប់ខ្លួនឯង នេះបងមានអ្វីចង់ឲ្យអូនមើល។ 
សុជាតិ រត់វឹងទៅក្នុងផ្ទះ ទាំងអ្នកនៅក្នុងផ្ទះគេប្លែកចិត្តយ៉ាងខ្លាំង ធីតានាងយំរហូត។ ខ្ញុំមិនយល់ទេថា ហេតុអី្វខ្ញុំជាមនុស្សដែលធីតាចង់ប្រាប់ ឲ្យជួយនាងមកពីមូលហេតុអ្វីទេ? សុជាតិ រត់មកវិញ ហើយយកផ្លាក សិរីសួស្តីជ័យមង្គល កូនកម្លោះ គិត សុជាតិ ជាគូនិង កូនក្រមុំ ម៉ាក ធីតា ជាឈ្មោះរបស់ធីតា 
  • ហេតុ…..អ្វី……ខ្ញុំ…….គិត……ខ្លី…. បែប…..នេះ….. បើ……ខ្ញុំ….. មិន………ស្រ….ឡាញ់…..គេ……ភ្លេច…….ខ្លួន…..ឯង…. ខ្វះ…..ការ…..ពិ……ចារ….ណា….បែប……នេះទេ ខ្ញុំ….មិន……សម្លាប់…..ខ្លួន…..ឯង….ទេ……
  •   កុំយំអីធីតា
 ធីតានាងស្តាយក្រោយណាស់ ដែលនាងសម្លាប់ខ្លួនឯង
  •  ខ្ញុំ..ចង់…..ឲ្យ……នាង…..ជួយ…..ប្រាប់…….ដល់….គាត់…. ថាកុំ………ឲ្យ…….គាត់……គិត……ខ្លី….. ហើយ…..ឲ្យ……គាត់……..….ស៊ូ…...ក្នុង…..ជី…..វិត….….ស៊ូបន្ត……….ទៀត….. ជី…..វិត……សំ….ខាន់…..ណាស់…. ខ្ញុំ……ស្រ…….ឡាញ់…..គាត់……បំ….ផុត…….. ពេល….នេះ…..ខ្ញុំ…..អស់កិច្ច……ការហើយ….. លា………ហើយ….ណា………បង……..ជាតិ……..។​ 
  • នាងប្រាប់ឲ្យលោកត្រូវស្រឡាញ់ខ្លួនឯង កុំគិតខ្លី ខិតខំតស៊ូក្នុងជីវិត កុំចុះចាញ់ ហើយគិតថាជីវិតយើងសំខាន់ណាស់។ ពេលនេះនាង ទៅកាន់សុគតិភពហើយ នាងប្រាប់ថានាងស្រឡាញ់លោកណាស់ សុជាតិ 
  •  អរ……គុណ……..ណាស់……
 ខ្ញុំក៏ត្រឡប់មកផ្ទះវិញទាំងរីករាយ!ដើម្បីរៀបចំខ្លួនទៅប្រលងល្ងាចនេះ។ 
  • ស្នេហាគឺយើង ជាអ្នកបង្កើតវា ហេតុអីឲ្យវាគ្រប់គ្រងលើជីវិតយើង! កុំគិតថាជីវិតខ្លួនឯង ឥតន័យអី ជីវិតយើងមានតម្លៃណាស់ ហើយត្រូវស្រឡាញ់ ខ្លួនឯងឲ្យច្រើនៗ  កុំគិតខ្លី បញ្ហាត្រូវតែជួប ជៀសមិនផុតទេ តែសំខាន់គឺយើងចេះដោះស្រាយ ដោយភាពឈ្លាសវៃ។ ធ្វើជាមនុស្ស ត្រូវរឹងមាំ មានជំនឿចិត្តលើខ្លួនឯង គ្មាននរណាម្នាក់ត្រូវគេបោះបង់ទេ។ ត្រូវស្រឡាញ់ខ្លួនឯងឲ្យច្រើនៗ តែមិនត្រូវអាត្មានិយម។​

Wednesday, June 13, 2012

រូបភាព

Thursday, May 24, 2012

សិក្ខាសាលាយុវជន នៅមណ្ឌលសកម្មភាពកំពង់សោម

យុវជនគឺជាសសរទ្រូងនៃប្រទេសជាតិ។ យុវជនមានការអប់រំ ចំនេះដឹង ជំនាញពិតប្រាកដ មានសីលធម៌ ចេះស្រឡាញ់គ្នា គឺធ្វើប្រទេសជាតិមានការអភិវឌ្ឍ។ ព្រះសហគមន៍កាតូលិក បានចូលរួមយ៉ាងសំខាន់នៅក្នុងការលើកស្ទួយចំនេះដឹងដល់យុវជន។
មណ្ឌលសកម្មភាពកំពង់សោម បានរៀបចំសិក្ខាសាលាយុវជនមួយ ដែល ចូលរួមដោយយុវជនមកពី ព្រះសហគមន៍ កំពង់សោម ​កោះខ្យង ស្រែអំបិល កោះកុង បឹងតាព្រហ្ម ត្រែងត្រយឹង​​ សាលាបច្ចេកទេសដុនបូស្កូ និងមានការចូលរួមចែករំលែកដោយ ការិយាល័យយុវជន និងកុមារ ភូមិភាគភ្នំពេញ កាលពីថ្ងៃទី១៩និងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១២នេះ។ ក្រោមប្រធានបទ (ព្រះយេស៊ូសម្តែងឋាន:របស់ព្រះអង្គ)។ ក្នុងនោះ បងចិត្រា បានបង្រៀនពី បេសកកម្មរបស់ព្រះយេស៊ូ។ គាត់បាននិយាយថាបេសកកម្មរបស់ព្រះយេស៊ូ គឺទ្រង់មកដើម្បីបង្ហាញសេចក្តីស្រឡាញ់ ប្រកាសដំណឹងល្អ សង្រ្គោះមនុស្សយើង ឲ្យបានទៅព្រះបិតា។ ហើយគាត់បានបញ្ចាក់បន្ថែមថា ព្រះគម្ពីរបានបង្កើតជារូបរាង គឺប្រហែលឆ្នាំទី១០ មុនគ.ស។
នៅថ្ងៃទី២០ ខែឧសភាឆ្នាំ២០១២ ជាថ្ងៃទី២ នៃការបង្រៀនដល់យុវជនយើង គឺបង សុផល បានបង្ហាញពីទំនាក់ទំនងរវាង ព្រះយេស៊ូ និងសាវ័ករបស់ព្រះអង្គ  ហើយទំនាក់ទំនងរវាង ព្រះយេស៊ូ និងជីវិតយើងផ្ទាល់។​
កញ្ញា ម៉មស្រីអូន មកពីសាលាបច្ចេកទេស ដុនបូស្កូ បាននិយាយថា កញ្ញា ពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ ដែលបានទទួលការសិក្ខាសាលានេះ ពីព្រោះធ្វើឲ្យកញ្ញា មានឳកាស បានស្គាល់ព្រះយេស៊ូ និងក្តីស្រឡាញ់របស់ព្រះអង្គ ហើយកញ្ញាទទួលបានចំនេះដឹងថ្មីៗជាច្រើនពីសិក្ខាសាលានេះផងដែរ។
បើតាមមតិរបស់ កញ្ញា អ៊ុក សុពៅ កញ្ញាបានរៀបរាប់ថា ការសិក្ខាសាលានេះ មិនត្រឹមតែ ធ្វើឲ្យកញ្ញាទទួលបាន ចំនេះដឹង ប៉ុណ្ណោះទេ ថែមទាំងឲ្យកញ្ញាទទួលបាន មិត្តភាព ចំពោះគ្នា គឺក្តីស្រឡាញ់ ដែលគ្រឹស្ទបរិស័ទបាន ធ្វើស្របតាមដំណឹងល្អ របស់ព្រះយេស៊ូ។ កត្តាទាំងនេះបានជំរុញចិត្ត ឲ្យកញ្ញាចង់ក្លាយខ្លួន ជាគ្រឹស្ទបរិស័ទ ហើយធ្វើតាមព្រះហទ័យរបស់ព្រះបិតានៅស្ងានបរមសុខ។ កញ្ញាបន្ថែមថា ព្រះជាម្ចាស់បានអប់រំផ្លូវចិត្តកញ្ញា ឲ្យចេះរំងាប់ចិត្តខឹង ចេះជួយអ្នកដទៃ ចេះផ្តល់ក្តីស្រឡាញ់ ដល់អ្នកជម្ងឺ និងជនពិការ។
គួរបញ្ចាក់ផងដែរថា នេះជាសិក្ខាសាលា លើកទី២ហើយនៅ ឆ្នាំ២០១២ ដែលជាឆ្នាំនៅជាមួយព្រះយេស៊ូ នៅមណ្ឌលសកម្មភាពកំពង់សោមនេះ។

Monday, May 21, 2012

គេងមិនលក់

មានបុរសម្នាក់ ទៅរកគ្រូពេទ្យព្រោះគាត់ គេងមិនលក់។ ទឹកមុខរបស់គាត់ ស្លេកស្លាំងជាខ្លាំង ហើយគាត់មានប្រសាសន៍ទៅគ្រូពេទ្យថា៖
បុរស៖ ខ្ញុំគេងមិនលក់ សោះលោកគ្រូពេទ្យ
គ្រូពេទ្យ៖ តើលោកមានគិតអ្វីផ្សេង ឬអត់?មុនពេលលោកគេង
បុរស៖ អត់ទេលោកគ្រូពេទ្យ ខ្ញុំគ្មានគិតអ្វីផ្សេងទេ
គ្រូពេទ្យ៖ បើអ៊ីចឹង លោកធ្វើតាមខ្ញុំ សូមលោករាប់ពី១ ដល់ ១០០០ នោះលោកនឹងគេងលក់ជាមិនខាន
បុរស៖ អរគុណ លោកគ្រូពេទ្យហើយ
បុរសនោះត្រលប់ទៅ ផ្ទះវិញទាំងអរសប្បាយ។
ព្រឹកបន្ទាប់ បុរសកម្សត់ត្រលប់មកវិញទាំងទឹកមុខយ៉ាប់ជាងម្សិលមិញទៅទៀត។
គ្រូពេទ្យ៖ ហេតុអី លោកមិនធ្វើតាមខ្ញុំទេឬ?????
បុរស៖ ព្រោះតែខ្ញុំធ្វើតាមលោកទើបខ្ញុំទៅជាបែបនេះ!!
គ្រូពេទ្យ៖ ហេតុអី??? អ្នកជម្ងឺភាគច្រើនធ្វើតាម​ របៀបនេះតែងតែគ្មានបញ្ហាទេ។ ចុះលោកធ្វើម៉េច???????
បុរស៖ ពេលគេង ខ្ញុំរាប់ពី១​ដល់​៥០០ ហើយខ្ញុំក៏ងុយគេង បើកភ្នែកមិនចង់រួច ដើម្បីឲ្យបានគ្រប់១០០០ ខ្ញុំក៏ផឹកកាហ្វេ ដើម្បីរាប់ន្ត ហើយខ្ញុំរាប់ដល់៥០០០​ហើយនៅតែគេងមិនលក់ ទៀត។
គ្រូពេទ្យ៖ ជួបបែបនេះតែ៣ដងទៀត ស្លាប់មុនអាយុមិនខានទេខ្ញុំ??????????????????????????

Friday, May 18, 2012

រូបថត

លោកពុក នៅតាំងគោក
ព្រះមហាទិគុណ ដែលមាននៅតាំងគោក
ពិធីនេះប្រារព្វនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១២

គ្រឹស្ទរិស័ទចូលរួមជាង  ១​៧០០នាក់
អត្ថបទដោយ ក. ម៉េង សៀកលីវ

Thursday, May 10, 2012

ការងារបង្រៀន

Smith បានចាប់ផ្តើម ចែកចាយការបង្រៀនជា សាធារណះ នៅក្នុងឆ្នាំ១៧៤៨ នៅក្នុងសាកលវិទ្យាល័យ Edinburgh,ដែលបានទទួលជំនួយពី ទស្សនសង្គមវិទ្យា នៃ  Edinburgh  ក្រោមការឧបត្ថមរបស់លោក Kames. ប្រធានបទការបង្រៀន របស់លោកគឺ រាប់បញ្ចូលទាំង វោហាសាស្រ្ត និងអក្សរសាស្រ្ត។ បន្ទាប់មកប្រធានបទ គឺដំនើរការ នៃភាពស្តុកស្តម្ភ។ ហើយប្រធានបទក្រោយមក ការបរិយាយដំបូងរបស់គាត់គឺ ទស្សនះនៃសេដ្ឋកិច្ចវិទ្យា គឺសំដៅទៅលើភាពជាក់ស្តែង ហើយនិងរបៀបសាមញ្ញ អំពីសេរីភាព។ ក្នុងកំឡុងពេល  លោក Smith មិនទាន់ស្ទាត់ជំនាញ ពីការនិយាយនៅតាមទីសាធារណះ  ការបង្រៀនរបស់គាត់ ជួបប្រទះនូវភាពជោគជ័យហើយ។ នៅឆ្នាំ ១៧៥០ គាត់បានជួបអ្នកទស្សនវិទ្យាម្នាក់ គឺលោក David Hume ដែលលោកបង គាត់ជាច្រើនទស្សវត្ស។ នៅក្នុងការសសេរដែលគ្របដណ្តប់ ទៅដោយប្រវត្តិសាស្ត្រ នយោបាយ ទស្សនវិទ្យា​ សេដ្ឋកិច្ច ហើយនិងសាសនា។ លោក Smith និងលោក Hume បានចែករំលែកអំពី ភាពស្និទ្ធិស្នាល របស់បញ្ញាវន្ត និងចំនងផ្ទាល់ខ្លួន ដែលវាមានសារះសំខាន់ជាង រូបរាងខាងក្រៅនៃការបង្រៀនរបស់ជនជាតិ ស្កត។
នៅឆ្នាំ១៧៥១ Smith បាន ក្លាយទៅជាសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ Glasgow បង្រៀនពីវគ្គ តក្កវិទ្យា ហើយនៅឆ្នាំ ១៧៥២ Smith ត្រូវបានជ្រើសរើស ជាសមាជិក ទស្សនសង្គមវិទ្យានៅ Edinburgh ហើយត្រូវបានណែនាំឲ្យស្គាល់ ដោយលោកKames.។ ហើយនៅពេលដែល ប្រធាន អភិសមារចារ បានស្លាប់ បន្ទាប់ពី កិច្ចប្រកាសពីទ្រឹស្តី សីលធម៌នៃសញ្ជេតនា។ Smith បានចាប់ផ្តើម ហើយបានផ្តល់ការយកចិត្តទុកដាក់ លើផ្នែកនីតិសាស្រ្ត និងសេដ្ឋកិច្ច ​នៅក្នុងការបង្រៀនរបស់គាត់ ហើយតិចជាងទ្រឹស្តី  នៃសីលធម៌។ ឧទាហរណ៍ជាក់ស្តែង ការបង្រៀនរបស់លោក Smith ពីការកើនឡើង នៅក្នុង ទ្រព្យសម្បត្តិជាតិ គឺពលកម្ម ប្រសើរជាង គុណភាពជាតិនៃ មាស ឬប្រាក់ ដែលជាមូលដ្ឋានពាណិជ្ជវិស័យនិយម ទ្រឹស្តីនៃសេដ្ឋកិច្ច ដែលត្រួតត្រា ដោយគោលការណ៍សេដ្ឋកិច្ចអ៊ឺរ៉ុបខាងលិចនៅក្នុងពេលនោះ។ Smith នៅក្នុងឆ្នាំ១៧៦២ សាកលវិទ្យាល័យ Glasgow មានការប្រជុំលើប្រធានបទ ច្បាប់នៃគ្រូពេទ្យ។ នៅចុង ឆ្នាំ ១៧៦៣ គាត់ត្រូវបាន ស្នើរពី Charles Townshend ដែលបានណែនាំ លោក Smith ដោយ David Hume ដើម្បីបង្រៀនកូនរបស់លោកគឺ Henry Scott ក្មេងនៃ Duke of BuccleuchSmith បានទ្រាំទ្រ ពីសាស្រ្តចារ្យ ដើម្បី តួនាទីបង្រៀន ហើយគាត់បាន ព្យាយាម ពេលក្រោយ ដើម្បី ត្រលប់ថ្លៃឈ្នួល គាត់បានប្រមូលពី សិស្សរបស់គាត់ ពីព្រោះគាត់ បានទ្រាំទ្រនៅពាក់កណ្តាលវគ្គ ។ ប៉ុន្តែត្រូវបានសិស្សរបស់គាត់បដិសេធ។

Sunday, May 6, 2012

បុណ្យអភិបូជានៅតាំងគោក

កាលពីថ្ងៃទី៥​ខែឧសភាឆ្នាំ២០១២ នេះមានប្រារព្ធពិធីអភិបូជា លើទឹកដី មរណះសាក្សី ដែលបងប្អូន គ្រឹស្ទបរិស័ទមកពី៣ភូមិភាគ គឺភូមិភាគ កំពង់ចាម ភូមិភាគ បាត់ដំបង និងភូមិភាគ ភ្នំពេញ ដែលអ្នកចូលរួម មានប្រហែល ១៨០០នាក់។
ពួកយើងចេញពីកំពង់សោម​ នៅម៉ោង៣ ហើយទៅដល់នៅម៉ោង ៨និង៣០ នាទី។
បងប្អូនជួបជុំគ្នារហូតដល់ម៉ោង ៩ទើបចាប់ផ្តើមអភិបូជា។ ហើយបញ្ចប់នៅម៉ោង ១២និង៣០នាទី និងពួកយើងញាំបាយជុំគ្នាទើបត្រឡប់មកវិញ។
ពួកយើងអរព្រះគុណព្រះបិតា និងសរសើរសិរីរុងរឿងរបស់ព្រះអង្គ។






Wednesday, March 21, 2012

ម្ទេស ជួយពន្យារភាពចាស់

ម្ទេសមានរសជាតិហឹរ ក្រហាយពិបាកទំពារ​ ពិបាកលេប តែនៅខាងក្នុងរសជាតិ ក្រហល់ក្រហាយនោះមានបង្កប់នូវសារធាតុ អាហារមានប្រយោជន៍ វាអាចជួយបន្យារភាពចាស់ ធ្វើឲ្យមនុស្សស្ថិតនៅវ័យក្មេងបានយូរ។
ម្ទេសមានសារធាតុ ប្រឆាំងរ៉ាឌីកាល់ សេរីមានបេតាខែរ៉ូទីន និង វីតាមីនស៊ី ច្រើនជាងបន្លែទូទៅ
លើសពីនេះម្ទេសមានសារធាតុដ៏ពិសេសម៉្យាង ដែលហៅថា ខែតសែស៊ិន ដែលមានតួនាទី ជួយពន្យារជរាភាពធ្វើឲ្យក្មេងជាងវ័យ រារាំងអាការៈរលាក និងជួយរំញោចដល់ចរាចរណ៍ឈាម។
បច្ចុប្បន្នម្ទេសត្រូវបានគេចម្រាញ់ ធ្វើជាប្រេងសម្រាប់លាបរឹត មានឈ្មោះថា ខែតសែស៊ិន ជាថ្នាំក្តៅសម្រាប់បំបាត់ការឈឺសន្លាក់ ឈឺចាប់សាច់ដុំផងដែរ។

Wednesday, March 7, 2012

រូបភាពដំបូង

រូបភាពដំបូង ធ្វើឲ្យគេចង់ធ្វើការប្រាស្រ័យទាក់ទងជាមួយអ្នក មុននឹងយើងចង់ប្រាស្រ័យទាក់ទងនិងគេមុនទៅទៀត។ 
រូបភាពទាក់ទាញដំបូងបំផុតនោះគឺ រូបរាងស្អាតបាត ស្លៀកពាក់ថ្លៃថ្នូរ ទឹកមុខស្រស់ថ្លា ញញឺមស្រស់ស្រាយ និងកាយវិការសមសួន។
ទាំងនេះគឺជារូបភាពទាក់ទាញដំបូងបំផុត របស់មនុស្សទូទៅ។
ការញញឹមដាក់គេតែបន្តិច ហើយសុំសួរផ្លូវគេ។​ការ​ញញឹមដាក់គេតែបន្តិច​ហើយសុំពឹងគេ ឲ្យជួយ ពិតជាមានប្រសិទ្ធិភាពណាស់ ។
រូបភាពដំបូង អាចទាក់ទង ឬអាចរារាំង នូវទំនាក់ទំនងរបស់យើងបាន!

Tuesday, March 6, 2012

ឪឡឹកត្រូវនឹងជម្ងឺច្រើនមុខ

ឪឡឹកត្រូវនឹងជម្ងឺច្រើនមុខ
ឪឡឹកជាផ្លែឈើសម្បូរក្នុងរដូវក្តៅ។ សាច់ ទឹក គ្រាប់ និង សម្បក ឪឡឹកសុទ្ធតែអាចយកទៅធ្វើថ្នាំបាន។
ឪឡឹកមានទឹកភាគច្រើន ដល់ទៅ៩៤% ដែលក្នុងនោះ ប្រេង ស្ករ គ្លុយកូស ហ្លេកតូស វីតាមីនបេ បេដឺ វីតាមីនសេ និងអំបិល រ៉ែជាច្រើន។
ជម្ងឺរលាកតំរងនោមថ្មីៗ ឬ ឈឺរុំាំរៃយូរ៖ យកសម្បក ឪឡឹកកាត់ជាដុំៗ ដាក់ស្ងោរ រំងាស់ ក្នុងទឹក រហូតដល់ ទឹកថ្នាំឡើងខាប់ ហើយយកមកពិសារ នឹងទឹកឆ្អិន
សម្ពាធឈាមខ្ពស់៖ សម្បកៀឡឹកស្រស់ ៦ទៅ ១២ ក្រាម ស្ងោរលាយជាមួយថ្នាំចិន ឆាវចៀមីងជី ៩ក្រាម យកមកផឹកជំនួសទឹកតែ
ទឹកនោមផ្អែម៖ ស្រេកទឹក ទឹកនោមខាប់ ឬកករ៖ យកសម្បកឪឡឹកស្ស់ និងត្រឡាចមួយមុខ១៥ក្រាម ស្ងោរលាយជាមួយ ថ្នាំចិន ធានហួរហ្វេន ៩ក្រាម យកមកពិសារ​ជាប្រចាំ
បបូរមាត់ប្រេះ ឈឺក ៖ យកសម្បកឪឡឹកក្រៀម៣០ក្រាមស្ងោរលាយទឹកពិសារឲ្យបានរាល់ថ្ងៃ។

Monday, March 5, 2012

រៀនដើម្បីទទួលបានជោគជ័យ

រៀនដើម្បីទទួលជោគជ័យ
  • រៀនដោយតស៊ូ
  • រៀនដោយឈឺចាប់
  • រៀនដើម្បីមុខវិជ្ជាដែលខ្លួនចង់រៀន
  • រៀនដោយមានការប្រកួតប្រជែង
  • រៀនដោយយកអ្នកដទៃជាគ្រូ
  • រៀនដោយមានគោលដៅច្បាស់លាស់
  • រៀនដោយមានការលើកទឹកចិត្ត

សាសនាកាតូលិក

សាសនាកាតូលិក បានហូរមកដល់ប្រទេសកម្ពុជា តាំងពីឆ្នាំ ១៩៥៥
សាសនានេះមានដើមកំណើតនៅប្រទេស អ៊ីស្រាអ៊ែល។ គេជឿលើក្តីស្រឡាញ់របស់ព្រះជាម្ចាស់ គឺព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ ហើយនិងអរព្រះគុណ ដល់ព្រះនាងមារី ជាមាតាព្រះយេស៊ូ។
ព្រះជាម្ចាស់បានចាប់កំណើតជាមនុស្ស ដើម្បីលើកលែងទើសរំដោះបាប​ ដល់មនុស្សគ្រប់ជាតិសាស្រ្ត។
ព្រះសហគមន៍នៅប្រទេសកម្ពុជា
នៅប្រទេសកម្ពុជា ក៏មិនខុសពីប្រទេស ដទៃដែរ យើងមានព្រះសហគមន៍ដែលចែក ដល់ទៅ ៣ភូមិភាគគឺ
  • ភូមិភាគបាត់ដំបង 
  • ភូមិភាគកំពង់ចាម
  • ភូមិភាគភ្នំពេញ

Wednesday, February 29, 2012

ត្របែក ថ្នាំបញ្ចុះយ៉ាងស័ក្កសិទ្ធិ

ត្របែកជាផ្លែឈើមួយដែលមានរសជាតិជូរអែម ដ៏ពេញនិយម សម្រាប់ប្រជាជនខ្មែរយើង ទទួលទានកំសាន្តអារម្មណ៍ ដោយជ្រលក់នឹងអំបិលម្ទេស វាថែមទាំងមានប្រយោជន៍ដល់សុខភាពទៀតផង។
ផ្លែត្របែក ស្រស់មានពណ៌ខៀវខ្ចី រសជាតិជូរអែម សាច់ខាងក្នុងវាអាចជាអាហារ បញ្ចុះទម្ងន់ទៀតផង
វីតាមីន នៅក្នុងផ្លែត្របែក មាននាទីសំខាន់ណាស់ សម្រាប់ពណ៌សម្បុរស្រស់ថ្លា ព្រោះវាមានសារធាតុ ពិសេស ដើម្បីទ្រទ្រង់ស្បែកនិងជាលិកា ផ្សេងៗនៅក្នុងរាង្គកាយ។
ត្របែកទុំក្លាយទៅជាថ្នាំបញ្ចុះយ៉ាងស័ក្កសិទ្ធិ។

ត្រឡាច ថ្នាំត្រជាក់

ត្រឡាចមានគុណសម្បតិ្ត ជាថ្នាំត្រជាក់ បញ្ចុះទឹកមូត្រ។
គ្រាប់ត្រឡាចស្ងួត យកមកបុកឲ្យល្អិត បរិភោគ ដើម្បីបន្សាបកម្តៅបម្បាត់គ្រុន។
ត្រឡាចមានអនុភាព បណ្តាញជាតិពុលពីរាង្គកាយ ។
ស្លឹកនិងដើម របស់វាអាចប្រើវិធីទប់ទល់កម្តៅបានល្អ។
ចំណែកឯអ្នកចង់បញ្ចុះទម្ងន់ បញ្ជីរាយមុខម្ហូបដែលធ្វើពីត្រឡាច គួរឲ្យចាប់អារម្មណ៍បំផុតព្រោះវាមិនធ្វើឲ្យឡើងទម្ងន់ទេ។

Tuesday, February 21, 2012

ស៊ុបផ្សិតចម្បើង

គ្រឿងផ្សំ
  • ផ្សិតចម្បើង   500ក្រាម
  • ប៊ឺរ        2ស្លាបព្រាបាយ
  • ទឹកស៊ុបមាន់   4ពែង 
  • ម្សៅពោត  1ស្លាបព្រាបាយ
  • ម្សៅមី    2ស្លាបព្រាបាយ
  • ជីវ៉ាន់ស៊ុយ 1/4ពែង
  • អំបិល ម្សៅស៊ុបខ្នរ  ម្រេចខ្មៅកិន
វិធីធ្វើ
លាងផ្សិតឲ្យស្អាត ហើយហាន់ឲ្យស្តើងៗល្មម រួចយកមកដាក់លើភ្លើង ជាមួយប៊ឺរ ឲ្យផ្សិតទន់។ បន្ទាប់មក រោយម្សៅនិងទុករយះពេល ប្រហែល ២ទៅ៣ នាទីកូរម្តងទៀត កុំឲ្យខ្លោចហើយចាក់ស៊ុប មាន់៣ពែងកន្លះ កូរឲ្យសព្វ។ ក្រោយមកដាក់ម្សៅពោត កូរជាមួយទឹកស៊ុបដែលនៅសល់ រួចចាកចូលទៅក្នុងស៊ុបដែលនៅក្នុងភ្លើង។ដាក់រំងាស់រហូតដល់ស្អិត និងខាប់ល្អ ប្រហែល ១៥ទៅ២០ នាទី។ លើកចេញពីភ្លើងរួចបន្ថែមគ្រឿង អំបិល និងម្រេចម៉ត់ចូល ជីវ៉ាន់ស៊ុយ ចូលគ្នាភ្លក់មើលហើយអាចទទួលទានបានភ្លាមៗ។

Tuesday, February 14, 2012

ទឹកដោះគោអាចជំនួស ទឹកដោះម្តាយបាន​


ចិញ្ចឹមកូនដោយទឹកដោះម្តាយ កូនមានសុខភាពល្អ មានការវិវត្តន៍  ធំធាត់ គ្មានជម្ងឺដម្កាត់ និងឈ្លាសវៃ ។ ចុះបើម្តាយមិនអាចបំបៅដោះកូនបាននោះ តើគួរដោះស្រាយយ៉ាងណា?
លោកវេជ្ជបណ្ឌិត ហែម  សុខហន នៃមន្ទីរពេទ្យកុមារជាតិរាជធានីភ្នំពេញ ធ្វើការណែនាំវិធីសាស្ត្រមួយចំនួន ។
ទឹកដោះគោ អាចជួយទ្រទ្រង់សុខភាពកុមារបាន ពោលគឺត្រូវការពារឲ្យបានខ្លាំងទើបអាច ឲ្យកុមារមានសុខភាពប្រហែល ឬស្មើ នឹងទឹកដោះម្តាយបាន។
យើងចាំបាច់ត្រូវមាន ដបពី៦​ ទៅ ១០ ដើម្បីផ្លាស់ប្តូរ។ ដបត្រូវស្ងោរ ឬចំហុយ សម្លាប់មេរោគ។ បន្ទាប់មក ត្រូវឆុងទឹកដោះគោជាមួយទឹកដាំពុះ ១០០អង្សារ។ ចូរឆុងទឹកដោះគោជាមួយ និងដបកែវ ពីព្រោះការដាក់ទឹកក្តៅទៅក្នុងដបជ័រ នឹងអាចចេញសារធាតុពុល ដែលពិបាកទៅថ្ងៃក្រោយ សម្រាប់កុមារ។
លោកបានបន្តទៀតថា ម្តាយដែលមិនអាចបំបៅកូនបាន​លុះណាតែ ម្តាយមានមេរោគអេដស៍ ម្តាយធ្វើការវះកាត់​ ម្តាយមានជម្ងឺផ្សេងៗ ។
ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិត អំពាវនាវ ឲ្យមាតាបំបៅកូន​ និងទឹកដោះយ៉ាងតិច ៦ខែ។

Thursday, February 9, 2012

ផ្លែល្ហុង និង​ សម្រស់

ផ្លែល្ហុង ជាផ្លែឈើហូបផ្លែ ដែលយើងអាចញាំបានពេលនៅ និងយក​ទៅធ្វើម្ហូប។ វាមានអត្ថប្រយោជន៍ ណាស់សម្រាប់សុខភាព និង សម្រស់:
  • ផ្លែល្ហុងល្អសម្រាប់ស្បែកដែលវាអាចកម្ចាត់ចោលនូវកោសិកាចាស់ៗ និងកោសិកាងាប់។
  • ផ្លែល្ហុងមានសារជាតិប្រឆាំង និងអុកស៊ីតកម្ម ការពារភាពជ្រីវជ្រួញ និងចាស់។
  • ល្បាយល្ហុងទុំលាយជាមួយក្រែមទឹកដោះគោ ការពារស្បែកស្ងួត
  • វាជួយការពារស្បែកពីកាំរស្មី UV​ តាមបែបធម្មជាតិ និងធ្វើឲ្យស្បែកភ្លឺរលោង។
  • ចំពោះល្ហុងខ្ចីក៏អាចកម្ចាត់ រោគមុនជាំមុខ និងស្នាមអុជខ្មៅបានដែរ។
និពន្ធដោយ: អាលីវ

Wednesday, January 18, 2012

ពិភពកំណាព្យ


គុណពុកវីរះជ័យ
យើងខ្ញុំទាំងអស់     ស្រឡាញ់ដោយស្មោះ     អស់ពីដួងចិត្ត                 ពុកវីរះជ័យ
ផ្តល់ក្តីអាណិត       ស្រឡាញ់ចូលចិត្ត           យើងយុវជន ។
លោកខំធ្វើការ        កសាងស្ថាបនា           កិច្ចការស្រាលធ្ងន់      ដូច្នេះពួកយើង 
នឹងមិនភ្លេចគុណ     ផ្តល់ក្តីស្រឡាញ់         តបស្នងលោកអឺយ ។
ព្រះម្ចាស់ឲ្យពរ       លោកពុកបវរ      ឲ្យបានសុខហើយ       អស់កាល១០ឆ្នាំ       
​បានសុខក្សាន្តត្រើយ    តែដល់ពេលហើយ      យើងត្រូវបែកគ្នា ។
ពុកអធិដ្ឋាន    ឲ្យកូនគ្រប់ប្រាណ    ផុតទុក្ខវេទនា   ទាំងយប់ទាំងថ្ងៃ  
ឥតមានរុញរា   អភិបូជា   ដើម្បីលើកទោស ។
កូនទាំងអស់គ្នា   មុនជម្រាបលា   សុំជួនពរពុក   ឲ្យបានសុខសាន្ត
តទៅថ្ងៃមុខ    ជូនពរលោកពុក    សុំតាមបំណង ។
កូនទូលអង្វរ    ព្រះម្ចាស់បវរ     ប្រទានក្តីសុខ   សុខភាពបរិបូណ៌
ជូនដល់លោកពុក ប្រកបដោយសុខ   រហូតតទៅ ។
និពន្ធដោយ ក. ម៉េងសៀកលីវ

Tuesday, January 17, 2012

ដំណើរទស្សនកិច្ចរបស់ សិស្សទំនាក់ទំនងសង្គម និង សារព័ត៌មាន ឆ្នាំទី២ នៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ
ថ្ងៃទី១៧ ខែ​ មករា ឆ្នាំ២០១២ សិស្សទំនាក់ទំនងសង្គមនិងសារព័ត៌មាន ឆ្នាំទី២ នៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ បានធ្វើដំណើរទស្សនកិច្ចសិក្សា ទៅមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល(Dap news)។   ដំណើរទស្សនកិច្ចនេះដែលមាន ការដឹកនាំ ដោយ លោកពុក សំណាង និង លោកគ្រូ អ៊ូចសម្បូរ ដើម្បីផ្តល់ឲ្យសិស្សទទួលបាននូវបទពិសោធន៍ ក្នុងធ្វើការងារ និង របៀបនៃការយកព័ត៌មាន សសេរព័ត៌មាន និង របៀបនៃការរចនាព័ត៌មាន។
ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានកិច្ចសហការណ៍ពី នាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលផងដែរ។
តាមរយះការទស្សនកិច្ចនេះ ឃើញថាសិស្សម្នាក់ៗយកចិត្តតុកដាក់ ក្រេបយកចំនេះដឹងនេះខ្លាំងណាស់។

Monday, January 16, 2012

កិច្ចសម្ភាសន៍ អំពីអារម្មណ៍អ្នករៀន និង​ រស់នៅឆ្ងាយពីផ្ទះ




នេះជាកិច្ចសម្ភាសន៍ របស់នាងខ្ញុំទៅលើកញ្ញា ឃីមញាន ដែលជាសិស្សឆ្នាំទី១ផ្នែកទំនាកទំនងសង្គម និង សារព័ត៌មាន នៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តព្រះសីហនុ។​ កញ្ញាបានមករៀន និង រស់នៅផ្ទះអារ៉ែន ដឺរ៉ូ ជាផ្ទះស្នាក់សម្រាប់សិស្សស្រី។ ជួបជាមួយកិច្ចសម្ភាសន៍ ដូចតទៅ៖
- សួស្តី កញ្ញា ឃីមញាន តើកញ្ញាសុខសប្បាយទេ?
- ចាស៎សុខសប្បាយទេ អគុណ
- តើកញ្ញា មកពីមានស្រុកំនើតនៅឯណាដែរ?
- នាងខ្ញុំមកពីភូមិ បត់គគីរ ឃុំអូរឧកញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
- តើកញ្ញា មានបងប្អូនប៉ុន្មាននាក់?
- ចាស៎ ៦នាក់ នាងខ្ញុំជាកូនទី២
- តើឪពុកម្តាយកញ្ញាប្រកបមុខរបរអ្វីដែរ?
- ឪពុកជាកសិករ និងម្តាយជាអាជីវករ
- តើកញ្ញាទៅផ្ទះក្នុង១ខែ ប៉ុន្មានដង?
- ២ដងក្នុង១ខែ
- តើកញ្ញាមានអារម្មណ៍យ៉ាងណាពេលនៅឆ្ងាយពីគ្រួសារ?
- នឹកផ្ទះ នឹកគ្រួសារ
- តើកញ្ញា និយាយប្រាប់ឪពុកម្តាយកញ្ញាយ៉ាងណា ទើបគាត់អនុញ្ញាតឲ្យកញ្ញាមករៀននៅ សាលាដុនបូស្កូ នេះ?
- ខ្ញុំបានប្រាប់គាត់ថា សាលានេះមានវិន័យល្អ ការបង្រៀនល្អ ហើយមានអនាគតល្អ
- តើការរៀនរយះពេលជិតបីខែនេះ តើកញ្ញាទទួលបានអ្វីខ្លះពីសាលា?
- ខ្ញុំទទួលបានចំនេះដឹងផ្នែកកុំព្យូទ័រ វិទ្យុ របៀបនិយាយជាពិធីករ ពិធីការិនី និងមុខវិជ្ជាជាច្រើនទៀត ជាពិសេសគឺមុខវិជ្ជា ភាសាអង់គ្លេស
- នៅថ្ងៃបុណ្យណូអែល តើកញ្ញាមានអារម្មណ៍យ៉ាងណា​ នៅពេលឡើងសម្តែងហើយ ឪពុកម្តាយអ្នកមកទស្សនាផងដែរ?
- រំភើបសប្បាយរីករាយ ដែលនាងខ្ញុំបានសម្តែងជូនគាត់ទស្សនា
- តើកញ្ញាមានអារម្មណ៍យ៉ាងណាពេលបានមករៀននៅសាលា ដុនបូស្កូនេះ?
- អារម្មណ៍របស់ខ្ញុំមុនដំបូងយល់ថា វិន័យរបស់សាលាតឹងពេក តែក្រោយមកមានភាពជិតស្និទ្ធ ជាមួយមិត្តភក្តិ និង លោកគ្រូៗ
- តើមុខវិជ្ចាណាដែលកញ្ញាចូលចិត្តជាងគេក្នុងផ្នែកនេះ?
- ខ្ញុំចូលចិត្ត មុខវិជ្ជា កុំព្យូទ័រ និងភាសា អង់គ្លេស
- តើឆ្នាំទី២ កញ្ញានឹងសិក្សាផ្នែកអ្វីដែរ?
- Audiovisual ព្រោះពេញចិត្តធ្វើជាអ្នកអានព័ត៌មាន ឬជាពិធីការនី
- តើកញ្ញាយល់យ៉ាងណាចំពោះពាក្យ ដែលគេនិយាយថា កូនស្រីមិនចាំបាច់រៀនឲ្យវែងឆ្ងាយនោះ?
- ខ្ញុំយល់ថា វាជាការយល់ខុស ជាគំនិតចាស់បុរាណ សព្វថ្ងៃនារីក៏មានសិទ្ធិស្មើនឹងបុរសដែរ ហើយមិនមែនមានតែបុរសទេដែលអាចរៀនបានខ្ពស់ណ នារីខ្លះរៀនបានខ្ពស់ជាងបុរសទៀតក៏មាន
- តើកញ្ញានឹងបន្ត ការសិក្សាឬទេ បន្ទាប់ពីវបញ្ចប់ពីសាលា ដុនបូស្កូនេះទៅ?
- នាងខ្ញុំនឹងរៀនផ្នែក គ្រប់គ្រង
- តើកញ្ញាយល់យ៉ាងណា ចំពោះមិត្តភក្តិក្នុងថ្នាក់?
- ពួកគេខិតខំរនសូត្រ មានទំនាក់ទំនងល្អនឹងគ្នាទៅវិញទៅមក​
- តើកញ្ញា មានអារម្មណ៍យ៉ាងណាចំពោះការផ្តល់សម្ភាសដល់នាងខ្ញុំ ?
- ខ្ញុំសប្បាយចិត្ត ហើយក៏សូមអគុណដែលកញ្ញាបានផ្តល់កិត្តិយសដល់នាងខ្ញុំឲ្យបានបង្ហាញ អារម្មណ៍ខ្លួនឯង ចំពោះមិត្តភក្តិទាំងអស់
- ជាចុងបញ្ចប់នេះនាងខ្ញុំក៏សូមអគុណចំពោះ កញ្ញាដែលបានចំនាយពេលវេលា ដ៏មានតម្លៃ ផ្តល់ការសម្ភាសន៍ដល់នាងខ្ញុំ សូមជូនពរឲ្យកញ្ញា មានសុខភាពល្អ និង សម្រេចជោគជ័យគ្រប់ភារកិច្ច។
 សម្ភាសន៍ដោយ​ ក.​ ម៉េង សៀកលីវ

 
Blogger Gadgets