យុវជនគឺជាសសរទ្រូងនៃប្រទេសជាតិ។ យុវជនមានការអប់រំ ចំនេះដឹង ជំនាញពិតប្រាកដ មានសីលធម៌ ចេះស្រឡាញ់គ្នា គឺធ្វើប្រទេសជាតិមានការអភិវឌ្ឍ។ ព្រះសហគមន៍កាតូលិក បានចូលរួមយ៉ាងសំខាន់នៅក្នុងការលើកស្ទួយចំនេះដឹងដល់យុវជន។
មណ្ឌលសកម្មភាពកំពង់សោម បានរៀបចំសិក្ខាសាលាយុវជនមួយ ដែល ចូលរួមដោយយុវជនមកពី ព្រះសហគមន៍ កំពង់សោម កោះខ្យង ស្រែអំបិល កោះកុង បឹងតាព្រហ្ម ត្រែងត្រយឹង សាលាបច្ចេកទេសដុនបូស្កូ… និងមានការចូលរួមចែករំលែកដោយ ការិយាល័យយុវជន និងកុមារ ភូមិភាគភ្នំពេញ កាលពីថ្ងៃទី១៩និងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១២នេះ។ ក្រោមប្រធានបទ (ព្រះយេស៊ូសម្តែងឋាន:របស់ព្រះអង្គ)។ ក្នុងនោះ បងចិត្រា បានបង្រៀនពី បេសកកម្មរបស់ព្រះយេស៊ូ។ គាត់បាននិយាយថាបេសកកម្មរបស់ព្រះយេស៊ូ គឺទ្រង់មកដើម្បីបង្ហាញសេចក្តីស្រឡាញ់ ប្រកាសដំណឹងល្អ សង្រ្គោះមនុស្សយើង ឲ្យបានទៅព្រះបិតា។ ហើយគាត់បានបញ្ចាក់បន្ថែមថា ព្រះគម្ពីរបានបង្កើតជារូបរាង គឺប្រហែលឆ្នាំទី១០ មុនគ.ស។
នៅថ្ងៃទី២០ ខែឧសភាឆ្នាំ២០១២ ជាថ្ងៃទី២ នៃការបង្រៀនដល់យុវជនយើង គឺបង សុផល បានបង្ហាញពីទំនាក់ទំនងរវាង ព្រះយេស៊ូ និងសាវ័ករបស់ព្រះអង្គ ហើយទំនាក់ទំនងរវាង ព្រះយេស៊ូ និងជីវិតយើងផ្ទាល់។
កញ្ញា ម៉មស្រីអូន មកពីសាលាបច្ចេកទេស ដុនបូស្កូ បាននិយាយថា កញ្ញា ពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ ដែលបានទទួលការសិក្ខាសាលានេះ ពីព្រោះធ្វើឲ្យកញ្ញា មានឳកាស បានស្គាល់ព្រះយេស៊ូ និងក្តីស្រឡាញ់របស់ព្រះអង្គ ហើយកញ្ញាទទួលបានចំនេះដឹងថ្មីៗជាច្រើនពីសិក្ខាសាលានេះផងដែរ។
បើតាមមតិរបស់ កញ្ញា អ៊ុក សុពៅ កញ្ញាបានរៀបរាប់ថា ការសិក្ខាសាលានេះ មិនត្រឹមតែ ធ្វើឲ្យកញ្ញាទទួលបាន ចំនេះដឹង ប៉ុណ្ណោះទេ ថែមទាំងឲ្យកញ្ញាទទួលបាន មិត្តភាព ចំពោះគ្នា គឺក្តីស្រឡាញ់ ដែលគ្រឹស្ទបរិស័ទបាន ធ្វើស្របតាមដំណឹងល្អ របស់ព្រះយេស៊ូ។ កត្តាទាំងនេះបានជំរុញចិត្ត ឲ្យកញ្ញាចង់ក្លាយខ្លួន ជាគ្រឹស្ទបរិស័ទ ហើយធ្វើតាមព្រះហទ័យរបស់ព្រះបិតានៅស្ងានបរមសុខ។ កញ្ញាបន្ថែមថា ព្រះជាម្ចាស់បានអប់រំផ្លូវចិត្តកញ្ញា ឲ្យចេះរំងាប់ចិត្តខឹង ចេះជួយអ្នកដទៃ ចេះផ្តល់ក្តីស្រឡាញ់ ដល់អ្នកជម្ងឺ និងជនពិការ។
គួរបញ្ចាក់ផងដែរថា នេះជាសិក្ខាសាលា លើកទី២ហើយនៅ ឆ្នាំ២០១២ ដែលជាឆ្នាំនៅជាមួយព្រះយេស៊ូ នៅមណ្ឌលសកម្មភាពកំពង់សោមនេះ។